សាវតារបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា (CADA)
សាវតានៃការបង្កើតទីភ្នាក់ងារកិម្ពុជាប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាផ្តើមចេញសេចក្តីថ្លៃងការណ៍ប្រឆាំងដូប៉ាក្នុងវិស័យកីឡា ចុះថ្ងៃទី ៥ ខែមីនា ឆ្នាំ២០០៥ ក្នុងកិច្ចប្រជុំរដ្ឋភាគីអង្គការ UNESCO នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។ រាជរដ្ឋភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាប្រទានសិទ្ធិជូន ក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ប្រឆាំងដូប៉ាក្នុង វិស័យកីឡា នៅទីក្រុងកូប៉ិនហាក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៥។
បន្ទាប់មកអង្គការ UNESCO បានធ្វើកិច្ចប្រជុំរដ្ឋភាគី ដើម្បីអនុម័ត អនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ក្នុងសម័យប្រជុំ មហាសន្និបាតលើកទី៣៣ នៅទីក្រុងប៉ារីស ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ហើយស្នើឲ្យរដ្ឋភាគីទាំងអស់ផ្តល់សច្ចាប័នលើអនុសញ្ញា នេះ ដោយាចាប់អនុវត្តនៅខែកុម្ភៈ ឆ្នាំ២០០៦។
សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង រដ្ឋសភា និងព្រឹទ្ធសភាព បានអនុម័លើអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ហើយ ព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្ថលេខា លើព្រះរាជក្រម យល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧ ហើយ UNESCO បានទទួលស្គាល់ចូលជាធរមាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០០៨។
ក្រោយពេលព្រះរាជាណាចក្រកម្ពុជាបានចូលជារដ្ឋហត្ថលេខីនៃ អនុសញ្ញាអន្តរជាតិនេះមក មិនទាន់មានទីភ្នាក់ងារជាតិ ប្រឆាំង ក្នុងវិស័យកីឡាទេ ហេតុនេះយោងតាមក្រមប្រឆាំងដូប៉ាពិភពលោក តម្រូវឲ្យទីភ្នាក់ងារជាតិប្រឆាំងដូប៉ាក្នុងវិស័យកីឡា ស្ថិតនៅក្រោម គណៈកម្មាធិការជាតិអូឡាំពិកជាបណ្តោះអាសន្ន តាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ ២០១២ ទើបក្រសួងអប់រំ យុវជន និងកីឡា បាន ចេញប្រកាសស្តីពី ការបង្កើតទីភ្នាក់ងារកម្ពុជា ប្រឆាំងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡា ជាការិយាល័យស្ថិតនៅក្រោម មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ហើយបច្ចុប្បន្ននេះ ទីភ្នាក់ងារ កម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា បានប្តូរ រចនាសម្ព័ន្ធគ្រប់គ្រងដោយស្ថិតនៅក្រោមអគ្គនាយកដ្ឋានកីឡា
ចក្ខុវិស័យ
គាំពារកីឡាស្អាតស្អំ និងសុខមាលភាពរបស់អត្តពលិក
បេសកកម្ម
ដើម្បីការពារសុចរិតភាពនៃកីឡាករឲ្យជាសផុតពីដូប៉ា/ដូពីង ការពារយុត្តិធម៌ និងសុវត្ថិភាពក្នុងការប្រកួតក្នុងស្មារតី នៃការប្រកួតដ៏ស្មោះត្រង់។
ការទទួលខុសត្រូវរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា:-
- គ្រប់គ្រង និងប្រតិបត្តិការប្រមូលសំណកក្នុងគោលបំណងប្រឆាំងដូប៉ា/ដូពិង
- អភិវឌ្ឈន៍ និងប្រតិបត្តិការក្នុងការពង្រឹងផែនការអប់រំ
- អប់រំសាធារណជនអំពីការប្រឆាំងដូប៉ា និងកីឡាការគ្មានដូប៉ា/ដូពិង ក្នុងសហគមន៍
- ដើរតួនាទីនាំមុខក្នុងការធានាការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
- អនុវត្តយុទ្ធសាស្ត្រជាតិ និងដៃគូរអន្តរជាតិ
- ផ្នែកមួយនៃរដ្ឋាភិបាលដើម្បីពង្រឹងសុចរិកភាពនៃកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា